Saturday, June 14, 2014

ហ្វូងសត្វក្រៀលនៅ តំបន់ទេសចរណ៍ អន្លង់ព្រីង


kreal  2 
កំពត ជាខេត្តដែលមានសក្តានុពល ទេសចរណ៍ធម្មជាតិ យ៉ាងច្រើន សម្រាប់បម្រើការកម្សាន្ត របស់ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ។ ថ្មីៗនេះ ក្រោយពីរាជរដ្ឋាភិបាល បានសម្រេចដាក់ តំបន់អភិរក្សសត្វក្រៀលបឹងព្រីង ស្រុកកំពង់ត្រាច ឱ្យទៅជាតំបន់អភិរក្ស កាលពីខែវិច្ឆិកា ឆ្នាំ២០១០  ទាំងប្រជាពលរដ្ឋ និងមន្ត្រីទាំងឡាយរបស់ខេត្តកំពត សង្ឃឹមថា តំបន់អភិរក្សមួយនេះ នឹង ទាក់ទាញភ្ញៀវទេសចរ
ឱ្យមកទស្សនាសត្វក្រៀល កាន់តែច្រើនឡើងៗ។.
 ប្រសិនបើលោកអ្នក ចង់ធ្វើដំណើរទៅទស្សនាសត្វក្រៀល នៅតំបន់អភិរក្សអន្លង់ព្រីង គ្រាន់តែ ចេញពីប្រជុំជនស្រុកកំពង់ត្រាច ទៅទិសខាងត្បូងប្រមាណជាង ១១គីឡូម៉ែត្រនោះ យើងនឹងបាន ឃើញផ្ទៃទឹកយ៉ាងល្ហរល្ហេវ និងបានរំលេចទៅ ដោយហ្វូងសត្វក្រៀល យ៉ាងច្រើន ដែលកំពុងដើរ រកចំណី។
តំបន់អភិរក្សសត្វក្រៀលមួយកន្លែង ស្ថិតនៅអន្លង់ព្រីង ឃុំបឹងសាលា ខាងត្បូងស្រុកកំពង់ត្រាច ខេត្ត កំពត កំពុងធ្វើឱ្យភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែតំបន់បឹង នេះ មានផ្ទៃទឹកល្ហរល្ហេវដាច់កន្ទុយភ្នែក ដែលសម្បូរទៅដោយ សត្វស្លាបជាច្រើនប្រភេទ ជាពិសេស សត្វក្រៀលដែលជិតផុត ពូជទៅហើយនោះ បានចុះរកចំណីយ៉ាងច្រើន នៅក្នុងបឹងនេះ។ នៅរដូវប្រាំង តំបន់អភិរក្ស សត្វក្រៀលអន្លង់ព្រីងនេះ គឺជាកន្លែងដ៏សំខាន់មួយ ដែលសត្វក្រៀល ឆ្លងកាត់ទៅមក ពីប្រទេសវៀតណាម មករកចំណីនៅទីនេះ។
លោក សយ ស៊ីណល់ ជាប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ថា តំបន់អភិរក្ស សត្វក្រៀល អន្លង់ព្រីង នៅស្រុកកំពង់ត្រាច ក៏បានដាក់ពាក្យ ជាផ្លូវការរួចហើយ គឺវាជា រមណីយដ្ឋាន ទេសចរណ៍មួយ ដែលមានមនុស្សម្នា នាំគ្នាទៅកម្សាន្តនៅទីនោះ ហើយប្រជាពលរដ្ឋ ក៏រកប្រាក់ចំណូល បានអំពីភ្ញៀវទេសចរ ផងដែរ។
គួរបញ្ជាក់ថា តំបន់អភិរក្សសត្វក្រៀល អន្លង់ព្រីងនេះ ជាតំបន់មួយដែលស្ថិត នៅជាប់បន្ទាត់ព្រំដែន ប្រទេសវៀតណាម ហើយត្រូវបាន គណៈរដ្ឋមន្ត្រី អនុម័តជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០១០នេះ។  សត្វក្រៀល គឺជាប្រភេទសត្វ ដែលត្រូវបានគេ កត់ត្រាក្នុងសៀវភៅ ក្រហមពិភពលោក ថា ជាសត្វដ៏កម្រ និងជិតផុតពូជទៅហើយ នៅលើភពផែនដីយើងនេះ៕

0 មតិចូលរួម:

Post a Comment