Friday, April 25, 2014

Format ចិត្ត Delete កម្ម



·         ចុះផ្សាយដោយ ព្រះមហាភិរម្យ ក្នុងខែវិច្ឆិកា 20, 2010 នៅម៉ោង 9:30pm
វិថីគោចររបស់ជីវិតមានទាំងអតីតៈ បច្ចុប្បន្ននិងអនាគត ប្រសិនបើយើងនឹកស្រមៃដល់វិថីគោចររបស់ផែនដី នៅពេល
ដែលយើងឈរនៅត្រង់ជ្រុងមួយលើផែនដី ពេលព្រឹកឡើង យើងនឹងមើលឃើញដួងអាទិត្យរះឡើងឯទិសបូព៌ តពីនោះ ដួងអាទិត្យក៏ដើរមកដល់ថ្ងៃត្រង់ រួចក៏ជ្រៀងជ្រេទេរទៅអស្តង្គតរលត់នៅទិសបស្ចិម ប៉ុន្តែប្រសិនបើយើងជិះយានអវកាស ចេញទៅឈរសម្លឹងមើលមកពីខាងក្រៅផែនដីវិញ យើងនឹងឃើញថាផែនដីមានរូបស្បាតមូលគ្មានទិសណាៗទាំងអស់ ។
យ៉ាងណាមិញ ការសម្លឹងមើលការឲ្យផលរបស់កម្ម យើងត្រូវសម្លឹងមើលតាមសភាពពិត មិនមែនសម្លឹងមើលចេញពីអ្វី ដែលភ្នែកមើលឃើញនោះទេ ពោលគឺ ត្រូវសម្លឹងមើលក្នុងរឿងបរិមាត្រនៃកាលវេលាផង មនុស្សយើងមានកម្មជាប្រភព កំណើត មានកម្មជារបស់ខ្លួនឯង មានកម្មជាតួហុចផល និងមានកម្មជាតួអន្ទោលតាម កាលបើនិយាយយ៉ាងនេះ អ្នកខ្លះប្រហែលជាមិនជឿទេ ព្រោះមិនដែលឃើញ ឧទាហរណ៍ថា ប្រសិនបើម្តាយឆ្ពាមយកផ្លែស្វាយ ១ ផ្លែមក ហើយប្រាប់កូនថា "កូនដឹងទេ ដើមស្វាយនៅក្នុងគ្រាប់ស្វាយនេះឯង" កូនតូចមិនដឹងសោះឡើយ ទោះបីជាម្តាយពុះផ្លែស្វាយហែកឲ្យមើល ក៏មិនឃើញដើមស្វាយនៅក្នុងគ្រាប់ស្វាយនោះ ដែរ ប៉ុន្តែគ្រាប់ស្វាយនោះឯងនឹងក្លាយជាដើមស្វាយនៅពេលខាងមុខ ដែលត្រូវអាស្រ័យកាលវេលា ដី ទឹក សីតុណ្ហភាពនិងបច្ច័យដទៃទៀត ។
ផ្ទុយទៅវិញ ប្រសិនបើម្តាយបង្រៀនកូនឲ្យជីករណ្តៅហើយយកគ្រាប់ស្វាយដាំចុះទៅ ស្រោចទឹក ជ្រួយដី បង្រៀនឲ្យ កូនធ្វើយ៉ាងនេះជាប្រចាំរាល់ថ្ងៃ កូនតូចនឹងឃើញដើមស្វាយចាប់ផ្តើមដុះធំឡើងរាល់ថ្ងៃ កូនតូចមិនដឹងថាដើមស្វាយ ដុះមកពីណាទេ លុះដើមស្វាយធំឡើងបានប្រមាណ ១ ហត្ថ ម្តាយក៏ដកដើមស្វាយនោះចង្អុលបង្ហាញឲ្យឃើញគ្រាប់ ស្វាយដែលអាចធ្វើឲ្យដើមស្វាយដុះបាន កូនតូចនឹងយល់ដឹងភ្លាមថាការដែលម្តាយបង្រៀនថាដើមស្វាយនៅក្នុងគ្រាប់ ស្វាយគឺជាការពិត ប៉ុន្តែត្រូវអាស្រ័យកាលវេលាជាគ្រឿងពិសោធ មិនមែនបេះភ្លាមឃើញភ្លែតនោះទេ ការឲ្យផលរបស់ កម្មក៏ត្រូវអាស្រ័យកាលវេលាជាគ្រឿងពិសោធដែរ ។
ការដែលនឹងយល់ដឹងរឿងបាបបុណ្យគុណទោស និង វិថីគោចររបស់កម្មបាន មនុស្សត្រូវយល់ដឹងរឿងប្រព័ន្ធធម្មជាតិ ផង ព្រះពុទ្ធសាសនាជាសាសនាបង្រៀនមនុស្សជាតិឲ្យយល់ដឹងប្រព័ន្ធធម្មជាតិ បដិបត្តិខ្លួនឲ្យត្រូវតាមប្រព័ន្ធធម្មជាតិ ពិសោធការពិតដោយការបដិបត្តិតាមគោលធម្មជាតិដែលរកឃើញដោយព្រះសម្មាសម្ពុទ្ធជាម្ចាស់ 
និយាយរួមថា មនុស្សត្រូវសិក្សារឿងខ្លួនឯងជាមុនសិន រួចហើយក៏យកខ្លួនឯងនេះទៅប្រៀបធៀបនឹងធម្មជាតិដទៃ ​​ ​ (អត្តានំ ឧបមំ កត្វា) ដែលមានស្ថានភាពដូចគ្នា គឺ កើតឡើង តាំងនៅ និង រលត់ទៅ ។
ជីវិតមនុស្ស គឺជាមហាគណិតករណ៍(supercomputer)ដែលមាន​កាយប្រៀបដូចជាអយោភណ្ឌ(Hardware) និងចិត្តប្រៀបដូជាមនោភណ្ឌ(software) ទាំងពីរយ៉ាងនេះត្រូវអាស្រ័យគ្នានិងគ្នា ពោលគឺ មនុស្សត្រូវមានទាំងកាយនិងចិត្ត ឯគណិតករណ៍(កុំព្យូទ័រ)វិញក៏ត្រូវមានទាំងអយោភណ្ឌនិងមនោភណ្ឌ ។
តាមធម្មតា កុំព្យូទ័រដែលយើងប្រើប្រាស់រាល់ថ្ងៃច្រើនតែឆ្លងមេរោគ ធ្វើឲ្យកុំព្យូទ័រធ្វើការខុសប្រក្រតី ថ្វីបើយើងដំឡើង ប្រូក្រាមការពារមេរោគ(Anti-virus)ហើយក៏ដោយ មេរោគក៏នៅតែរាតត្បាត ហេតុនោះ យើងត្រូវលាងសម្អាត(Format) កុំព្យូទ័រជាថ្មី ដំឡើងប្រូកា្រមចូលទៅថ្មី តួមេរោគក៏វិវឌ្ឍទៅគ្រប់ពេលវេលា ត្រូវស្វែងរកប្រូក្រាមកម្ចាត់មេរោគទៅ ជារឿយៗ ក្នុងមនោភណ្ឌត្រូវមានប្រព័ន្ធការពារឬកម្ចាត់មេរោគ(anti-virus system) មានទីកន្លែងផ្ទុកទិន្នន័យ(storage) និងមានប្រព័ន្ធដែលលុបទិន្នន័យដែលខូចចោល ។
ជីវិតមនុស្សក៏ដូចគ្នាដែរ ចិត្តត្រូវមានសីលជាប្រូក្រាមការពារឬកម្ចាត់មេរោគ មានសមាធិជាជាគ្រឿងផ្ទុក ទិន្នន័យដែលកើតឡើងដោយកាយកម្ម វចីកម្ម និង មនោកម្មឲ្យបានត្រឹមត្រូវ មានបញ្ញាជាគ្រឿងលុបលាងលះលែង នៅពេលកើតមានស្និមឡើងនៅក្នុងចិត្ត ។
មេរោគ(virus) បានដល់ កិលេសផ្សេង ៗ ដូចជា លោភៈ ទោសៈ មោហៈ អាឃាត ព្យាបាទ ទិដ្ឋិមានះ ។ល។ 
ការFormat ចិត្ត បានដល់ ការលាងសម្អាតចិត្តឲ្យស្អាតបរិសុទ្ធ(សចិត្តបរិយោទបនំ) ដើម្បីដំឡើងប្រូក្រាមថ្មីដល់ចិត្ត ពោលគឺ ដំឡើងបុណ្យកុសលឲ្យដល់ចិត្តនោះឯង ប្រូក្រាមថ្មីនេះ គឺ មេត្តា ចាគៈ និវាតៈ ជាដើម ដើម្បី Deleteលុប អកុសលកម្មចេញពីក្នុងចិត្តសន្តាន ជាការរំដោះចិត្តឲ្យរួចផុតពីសម្រាម គឺ បាប ឲ្យឡើងកាន់ប្រូក្រាមថ្មី គឺ បុណ្យកុសលដែលជាពោងពាយដឹកនាំពាំយួរជីវិតឲ្យប្រព្រឹត្តទៅដើម្បីសេចក្តីសុខទាំងក្នុងបច្ចុប្បន្ននិងអនាគត ។


ឆ្លាក: កម្មនិយាម

0 មតិចូលរួម:

Post a Comment