(
ចាក ម. អ. )
( គុណនៃការបំរើមាតា បិតា )
បានឮថាមានសេដ្ឋីបុត្រម្នាក់ក្នុងក្រុងសាវត្ថី
បានស្តាប់ធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធ មានសេចក្តីជ្រះថ្លា
សូមបួសជាឧប្បសម្បទា ។លុះឧបសម្បទារួចហើយ គ្រាន់តែរៀនធម៌ប្រាំឆ្នាំ
ចំរើនកម្មដ្ឋានក្នុងសំណាក់ឧបជ្ឈាយ៍
ទើបចេញអំពីវត្តជេតពនទៅកាន់ស្រុក
នៅក្នុងព្រៃអាស្រ័យនឹងស្រុកទីបំផុតដែននោះ ។
ឯមាតាបិតារបស់ភិក្ខុនោះ
តាំងតែអំពីកាលភិក្ខុនោះសូមបួសទ្រព្យសម្បត្តិក៏ដល់នូវការអស់រលីងតាមលំដាប់
ដល់នូវភាពនៃខ្លូនដែលជនដទៃអាណិតអាសូរក្រៃពេក
ទើបកាន់យកអម្បែងដើរសូម នៅអាស្រ័យនៃជញ្ជាំងផ្ទះរបស់ជនដទៃ ។
លុះចំណេរខាងក្រោយមកភិក្ខុនោះឮថា
មាតាបិតារបស់ខ្លួនដល់នូវសេចក្តីទុគត៌ ហើយគិតថាអញព្យាយាមនៅក្នុងព្រៃអស់
១២ឆ្នាំ មិនដល់មគ្គផលសោះអញជាមនុស្សអភ័ព្វ
ប្រយោជន៍អ្វីដោយបព្វជ្ជារបស់អញ បើសឹកទៅជាគ្រហស្ថ អញនឹងចិញ្ចឹម
មាតាបិតាឲ្យនូវទានមានឋានសួគ៌ ប្រព្រឹត្តទៅខាងមុខ
ទើបចេញអំពីព្រៃដល់ក្រុងសាវត្ថីចូលទៅកាន់ វត្តជេតពនដោយបំណងថា
ក្នុងថ្ងៃនេះនឹងបានជួបព្រះសាស្តាស្តាប់ធម៌ទេសនាក្នុងថ្ងៃស្អែក
នឹងបានឃើញមាតាបិតាពីព្រលឹម ។
ក្នុងថ្ងៃនោះ
ព្រះសាស្តាទ្រង់ប្រមើលនូវសត្វលោកក្នុងកាលជាទីកំចាត់បង់នូវទីងងឹត
ឃើញឧបនិស្ស័យនៃមគ្គជាដំបូងរបស់ភិក្ខុនោះ
ព្រះអង្គទ្រង់ត្រាស់សរសើរគុណ របស់មាតាបិតា ដោយមាតាបិតាបោសកសូត្រ
ភិក្ខុនោះគិតថា អញនឹងសឹកទៅជាគ្រហស្ថបំរើមាតាបិតា
ស្រាប់តែព្រះសាស្តាត្រាស់ថា
បព្វជិតក៏ឈ្មោះថាជាអ្នកធ្វើឧបការៈដល់មាតាបិតាបាន ប្រសិនបើអញមិនជួបព្រះសាសា្តហើយលាចាកបព្វជ្ជាមានសភាពបែបនេះ
ឥឡូវនេះអញជាបព្វជិតនឹងបំរើមាតាបិតា ។
លុះដល់ព្រឹកឡើងភិក្ខុនោះចាប់ស្លាក
ដែលគេធ្វើដោយបបរដល់ខ្លួនផង នឹងស្លាកដែលគេធ្វើដោយបាយដល់ខ្លួនផង
ចូលទៅក្នុងស្រុកយកបបរនិងបាយទៅជូនមាតាបិតា
និមន្តទៅបិណ្ឌបាត្រដោយខ្លួនឯង ។ លុះធ្វើភត្តកិច្ចរួចហើយ
ធ្វើនូវទីសម្រាប់នៅដល់មាតាបិតាទៀត
តាំងអំពីពេលនោះចេះតែបំរើមាតាបិតាមិនដែលដាច់
មិនត្រឹមតែប៉ុណ្ណោះទេភិក្ខុនោះជូននូវបក្ខិកភត្ត ដែលខ្លួនបានហើយដល់មាតាបិតាទៀត
ហើយនិមន្តទៅបិណ្ឌបាត្រដោយខ្លួនឯងទើបបានឆាន់ មិនទាន់មិនឆាន់
ថ្ងៃដែលភិក្ខុនោះបានចង្ហាន់តិចណាស់ ថ្ងៃដែលមិនបានមានច្រើន
ភិក្ខុនោះបានសំពត់សម្រាប់ចាំវស្សាក៏ដោយ
វត្ថុតិចតូចដ៏ទៃក៏ដោយក៏យកទៅជួនមាតាបិតា ទាំងអស់ហើយដេរកំណាត់សំពត់ចាស់ៗ
ដែលមាតាបិតាប្រើហើយ យកមកប្រើប្រាស់ខ្លួនឯង ។
ភិក្ខុនោះដែលអាពាធកើតអំពីការ បំរើមាតាបិតាបៀតបៀន
ហើយយ៉ាងណា ក៏ទៅជាស្គមមានកំឡាំងខ្សោយ ។
ភិក្ខុទាំងឡាយឃើញភិក្ខុអ្នកបំរើមាតាបិតា នោះទើបសួរដឹងហេតុសព្វគ្រប់
បែរជាតិះដៀលភិក្ខុនោះវិញ ទៅក្រាបបង្គំទូលព្រះសាស្តា ៗ
ត្រាស់នឹងភិក្ខុទាំងឡាយឲ្យហៅភិក្ខុអ្នកបំរើមាតាបិតានោះមក
ទ្រង់ជ្រាបហើយក៏ចង់ឲ្យភិក្ខុនោះជ្រាបសេចក្តីថា
ទ្រង់ប្រទានពរសព្ទសាធុការប្រកាសនូវបុព្វាចារ្យរបស់ខ្លួន
ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុអ្នកឯងបំរើជនណា ? ជននោះត្រូវជាអ្វីនិងអ្នក
? ភិក្ខុនោះក្រាបបង្គំទូលថា
បពិត្រព្រះអង្គដ៏ចំរើន ជននោះជាមាតាបិតារបស់ខ្ញុំព្រះអង្គ ។
ក្នុងពេលនោះព្រះសាស្តាទ្រង់ប្រទានសព្ទសាធុការអស់វារៈ
៣ដងដល់ភិក្ខុនោះ សាធុ សាធុ សាធុ
ទ្រង់ត្រាស់ថាអ្នកស្ថិតនៅក្នុងផ្លូវដែលតថាគតដើរហើយ
តថាគតប្រព្រឹត្តនូវបុព្វាចារ្យចិញ្ចឹមមាតាបិតា
ទើបទ្រង់សំដែងសុវណ្ណសាមជាតក
ក្នុងមហានិបាតត្រាស់ថាម្នាលភិក្ខុទាំងឡាយ ឈ្មោះថាការចិញ្ចឹមមាតាបិតា
ជាវង្សនៃអ្នកប្រាជ្ញទាំងឡាយ ទើបប្រកាសនូវសច្ចៈទាំងឡាយ
។លុះដល់ទីបំផុតនៃសច្ចភិក្ខុនោះ បានសម្រេចសោតា ក្នុងពេលនោះទៅ ។
|
0 មតិចូលរួម:
Post a Comment