Saturday, April 5, 2014

រឿង​ដំរី​ស្តរ និង មេ​ចាប

( ចាក ល. ប. )
( អ្នក​ធំ​ កុំ​មើល​ងាយ​អ្នក​តូច នាំ​ឲ្យ​ខូច​យស )
កាល​កន្លង​ទៅ​ហើយ​ មាន​ដំ​រី​ស្តរ​ធំ​មួយ​ ដើរ​រក​ស៊ី​ក្នុង​ព្រៃ​រ​បោះ​តែ​ម្នាក់​ឯង ។ ថ្ងៃមួយ​បាន​ប្រទះ​ឃើញ​នឹង​មេ​ចាប​កំ​ពុង​ក្រុង​កូន​លើ​ដុំ​ស្មៅ​ ចំ​មុខ​ផ្លូវ​ដែល​​​ខ្លួន​ដើរ ។ មេ​ចាប​និយាយ​​អង្វរ​ថា សូម​លោក​ធំ​អា​ណិត​កុំ​ដើរ​មក​ត្រង់​នេះ ជាន់​កូន​ខ្ញុំ​ហើយ​ ដំ​រី​អាង​ខ្លួន​ធំ មិន​ខ្ចី​ស្តាប់​ដើរ​ជ្រែង ស្តី​ឲ្យ​ចាប​វិញ​ថា អញ​មិន​ស្តាប់​អា​ណា​ទេ ស្រេច​តែ​អញ​ដើរ អា​ឯង​ខ្លួន​តូច​មួយ​ ចេះ​ធ្វើ​តម្រួត​ត្រួត​​ត្រា ឃាត់​ឃាំ​ផ្លូវ​អញ​ ៗ មិន​សម្បើម​អាឯង​ទេ បើ​ទោះ​ជា​ឯង​មាន​គ្នា​ដល់​​ទៅ​មួយ​ម៉ីន​នាក់​ក៏​អញ​មិន​ខ្លាច​ដែល អញ​ជាន់​តែ​ជើង​ឆ្វេង​ឯង​ស្លាប់​ខ្ទេច​​ខ្ទី​អស់​ហើយ ថា​ដូច្នេះ​ហើយ​ក៏​ជាន់​កូន​ចាប​ស្លាប់​អស់​ទៅ ។

មេ​ចាប​កើត​ទុក្ខ​ក្តៅ​ក្រ​ហាយ​ ហើរ​ទៅ​ទំ​មែក​ឈើ​ខ្ពស់​និ​យាយ​​ប្រាប់​ដំ​រីថា ឯង​ហ៊ាន​មើល​ងាយ​អញ​ដល់​ម្លឹង​ ឃើញ​ខ្លួន​អញ​តូច​កំលាំង​តិច ប៉ុន្តែ​អ្នក​ឯង​មិន​ទាន់​ដឹង​កំលាំង​បញ្ញា​អញ​ទេ ចាំ​មើល​អញ​សម្លាប់​ឯង​វិញ​ឲ្យ​បាន ។ មេ​ចាប​និយាយ​ហើយ​ក៏​ទៅ​ពឹង​សត្វ​ក្អែក​ឲ្យ​ទៅ​ចឹក​ភ្នែកដំ​រី​នោះ ក្អែកក៏​ជួយ​យក​អា​សា ។ ទើប​មេ​ចាប​ទៅ​ពឹង​រុយ ឲ្យ​ពង​ដាក់​ភ្នែក​ដំ​រី​នោះទៀត រុយ​ក៏​ទៅ​ជួយ​យក​អាសា​ ក៏​ទៅ​ពង​ដាក់​ភ្នែក​ដំរី កើត​ដង្កូវ​ចុះ​រុក​ភ្នែក​ដំ​រី​ស្តរ​នោះ​ទាល់​តែ​ខ្វះ​ទាំង​ពីរ ។

មេ​ចាប​ឃើញ​ខ្វាក់​ដើរ​ពីម​ពើម​ដូច្នោះ ហើយ​ទៅ​ផ្តន្ទា​ស្តី​ឲ្យ​ថា អើ​អ្នក​ដំ​រី​ស្តរ​ខ្លួន​ធំ​ល្អ​ពេក​ ទាល់​តែ​ខ្វាក់​ភ្នែក​ អ្នក​ឯង​ស្គាល់​ទេ នេះ​ហើយ​ជា​ការ​សង​សឹក​របស់​មេ​ចាប​ ដំរី​ទាល់​គំ​និត​ កើត​ក្តៅ​ក្រហាយ​ ដូច​យក​ភ្លើង​ទៅ​ដុត​ តែ​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ ។ មេ​ចាប​គិត​ថា​ អញ​សម្លាប់​វា​ឲ្យ​បាន​ ក៏​ទៅ​ពឹង​កង្កែប​នៅ​ជ្រោះ​ភ្នំ​ ឲ្យ​ឡើង​ទៅ​យំ​លើ​កំពូល​ភ្នំ កង្កែប​ជួយ​យក​អាសា​ក៏​ឡើង​ទៅ​យំ​លើ​កំពូល​ភ្នំ​ ដំរី​ស្តរ​ឮ​សូរ​ នឹក​ថា​ទី​នោះ​មាន​បឹង​ណព្រោះ​ខ្លួន​ស្រេក​ទឹក​យូរ​ថ្ងៃហើយ ក៏​ខំ​ដើរ​តាម​ឡើង​លើ​ភ្នំ​ កាល​ដំរី​ទៅ​ដល់​ កង្កែប​លោត​ចុះ​ទៅ​យំ​នៅ​ក្នុង​ជ្រោះ​វិញ ដំ​រី​ដើរ​តាម​សំឡេង​នោះ​ទៀត ក៏​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​បាក់​ក​ស្លាប់ ។ ឯ​មេ​ចាប​ឃើញ​ដំ​រី​ស្លាប់​ហើយ​ក៏​លែង​ទុក្ខ​សោក​ ហើរ​ទៅ​រក​ចំ​ណី​តាម​ធម្ម​តា​របស់​ខ្លួន ។

អត្តបទ​នេះ​វាយ​បញ្ចូល​ដោយ​កញ្ញា ហេង សំ​ដា​ណែត ។ អត្តបទនេះដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ប្រជុំ​និទាន​ជាតក​ ភាគទី​៣ ។


0 មតិចូលរួម:

Post a Comment