Saturday, April 5, 2014

រឿង​មិគលុទ្ទកប្រេត



(ចាក បេ. ខុ.)
(ទោស​បាណាតិបាត និង​គុណ​របស់​មិត្រ)

កាល​កន្លង​ទៅ​ហើយ ក្នុង​ក្រុង​រាជ​គ្រឹះ មាន​ព្រាន​ម្រិគ​ម្នាក់​ ជា​មិត្រ​នឹង​ធម្ម​ឧបាសក ។ ព្រាន​នោះ​សម្លាប់​ម្រិគ​ទាំង​យប់​ទាំង​ថ្ងៃ ឥត​មាន​បង្អង់​ពេល​វេលា​ណា​មួយ​ទ្បើយ ។ ឧបាសក​ជា​មិត្រ ចេះ​តែ​និយាយ​លួង​លោម​អង្វរ​ឲ្យ​ឈប់​សម្លាប់​ ព្រាន​មិន​ព្រម​តាម ។ ឧបាសក​ចេះ​តែ​ឧស្សាហ៍​និយាយ​មិន​ឈប់​ មិន​ធុញ​ទ្រាន់​ដល់​យូរៗ ទៅ​ព្រាន​នោះ​ក៏​និយាយ​ប្រាប់​ឧបាសក​ថា ម្នាល់​សម្លាញ់ ខ្ញុំ​មាន​សេចក្តី​រាប់​អាន​សម្លាញ់​ក្រៃ​ពេក ខ្ញុំ​ឈប់​សម្លាប់​សត្វ​ក្នុង​វេលា​យប់​ជូន​អ្នក​ចុះ ឧបាយ​សកឮ​ហើយ​ ទទួល​ថា សាធុ ! ៗ ខ្ញុំ​ត្រេក​អរ​ណាស់ ក្នុង​វេលា​យប់​ដែល​អ្នក​ឈប់​នោះ អ្នក​ត្រូវ​តាំង​ចិត្ត​រលឹក​ចំពោះ​គុណ​ព្រះ​រតនត្រ័យ កុំ​រលឹក​ដល់​ការ​នេសាទ​របស់​អ្នក ។​ព្រាន​ធ្វើ​តាម​បាន​ទាំង​អស់ តែ​ដល់​វេលា​យប់​ទៅ​ដក​អន្ទាក់ ដក​លប់​ជា​ដើម​ទុក​ក្នុង​ទី​មួយ​ហើយ ដម្កល់​ចិត្ត​ក្នុង​គុណ​ព្រះរតនត្រ័យ ដល់​វេលា​ថ្ងៃ ទើប​ទៅ​នេសាទ​តាម​ធម្មតា ។

សម័យ​ក្រោយ​មក ព្រាន​នោះ​ស្លាប់​ទៅ កើត​ជា​វេមានិកប្រេត នៅ​ក្បែរ​ភ្នំ​គិជ្ឈកូដ ពេល​ថ្ងៃ​រង​ទុក្ខ​វេទនា មាន​ឆ្កែ​ទាំង​ដេញ​ខាំ​ស៊ី​អស់​សាច់​នៅ​សល់​តែ​ឆ្អឹង ដល់​វេលា​យប់​ក្លាយ​ខ្លួ​នជាទេវបុត្រ​ សោយ​សម្បត្តិទិព្វ នៅ​ក្នុង​វិមាន​មាស មាន​អ្នក​បំរើរាប់​រយ​នាក់ ។ ផ្លាស់​ប្តូរ​សោយ​ផង​សុខ​ទុក្ខ ៗ តែ​យ៉ាង​នេះ​ជា​ដរាប​រាល់​ពេល​វេលា ។ជួន​ជា​ថ្ងៃ​មួយ​នោះ​ព្រះ​នារទត្ថេរ លោក​និមន្ត​ទៅ​ក្បែរ​ភ្នំ​នោះ​ បាន​ឃើញ​ហើយ សួរ​ដំណឹង​សព្វ​គ្រប់​ ទើប​នាំ​ដំណឹង​នោះ​ទៅ​កាន់​សំណាក់​សម្តុទ្ធ ក្រាប​ទូល​តាម​ដំណើរ ។ ព្រះ​សម្តុទ្ធ​បរម​គ្រូ ទ្រង់​ប្រារព្ធ​រឿង​បេ្រត​នោះ​ជា​ហេតុ ហើយ​សំដែង​ធម៌​ទេសនា ដើម្បី​ជា​ប្រយោជន៍​មគ្គ​ផល​សុខ​ចំរើន ដល់​ពុទ្ធ​បរិស័ទ​ទាំង​ទ្បាយ ។

0 មតិចូលរួម:

Post a Comment