Thursday, February 13, 2014

ចំណេះដឹង! វិធី៤យ៉ាង ក្នុងការធ្វើអោយថ្ម laptop កាន់បានយូរ

ថ្ងៃនេះខ្មែរឡូតនឹង ណែនាំពីវិធីដើម្បី ថែរក្សាថ្ម Laptop របស់អ្នកអោយបានយូរ ព្រោះថាវាជាឧបករណ៍សំខាន់ ដែលប្រិយមិត្តទាំងអស់គ្នា ត្រូវការសម្រាប់ការសិក្សា និងការបំពេញការងារ ជាប្រចាំថ្ងៃ។ ខាងក្រោមនេះគឺជា វិធីទាំង៤យ៉ាង សម្រាប់ ថែរក្សាថ្ម laptop របស់អ្នក៖
១.កុំសាកថ្ម ជាមួយនឹង laptop ជាប់រហូត
នៅពេលដែលអ្នក ដោតឌុយសាកថ្ម laptop របស់អ្នកលើកដំបូង អ្នកត្រូវតែប្រាកដថា វានឹងសាកថ្មបានពេញ នៅពេលដែលវា ដល់កម្រិតត្រឹមត្រូវ។ ប៉ុន្តែក្រោយមក អ្នកអាចសាកថ្មបាននៅពេល ដែលវាមានកម្រិត ចាប់ពី៤០%ទៅដល់៨០%។ ការដែលធ្វើបែបនេះ វាអាចជួយពន្យាថាមពលថ្ម laptop របស់អ្នកបានកាន់តែច្រើនថែមទៀត។

ទោះយ៉ាងណាការនិយាយគឺស្រួល ការអនុវត្តទើបពិបាក តែគ្រាន់តែចាំថា ឧស្សាហ៍មើលទៅលើ ភាគរយថាមពលថ្មរបស់អ្នក (ដែលភាគច្រើនវា បង្ហាញនៅគែមនៃអេក្រង់ របស់អ្នក) ហើយនៅពេលណាដែល អ្នកមិនត្រូវការប្រើវា ឬក៏ទុកវាចោលនៅផ្ទះ អ្នកគួរតែបិទវា រួចដកឌុយសាកភ្លើង ចេញពី laptop របស់អ្នក។
ម្យ៉ាងទៀតអ្នកក៏គួរតែ សាកថ្មកុំព្យូទ័ររបស់អ្នក អោយបានពេញយ៉ាងហោចណាស់ មួយដងក្នុងមួយខែផងដែរ។
២.ប្រើនៅក្នុង សីតុណ្ហភាពត្រជាក់
Laptop ដែលពេញនិយមភាគច្រើន គឺមានថ្មដែលប្រើសំបក ផលិតពី lithium។ ដែលគួរតែរក្សាទុកនៅក្នុង សីតុណ្ហភាពរវាងពី ៥០ដល់៩៥ដឺក្រេ (Degrees Fahrenheit) ដូច្នេះអ្នកគួរតែ អង្គុយក្នុងបន្ទប់ដែលមាន សីតុណ្ហភាពត្រជាក់ល្មម។
ម្យ៉ាងវិញទៀត អ្នកក៏អាចប្រើវាដោយ ជៀសវាងការបិទរន្ធសម្រាប់ អោយខ្យល់ចេញចូល។ ការដែលធ្វើយ៉ាងនេះ ក៏អាចជួយរក្សា ភាពត្រជាក់របស់ laptop អ្នកបានច្រើនគួរសមផងដែរ។
៣.Update ទិន្នន័យដែលថ្មីបំផុត
ក្រុមហ៊ុនភាគច្រើនកំពុង សម្លឹងមើលវិធីធ្វើអោយ ថាមពលថ្មមានភាព ប្រសើរឡើង តាមរយៈការ update software។ ដូច្នេះត្រូវប្រាកដថា អ្នកបានបញ្ចូលកម្មវិធីថ្មីបំផុត ចូលទៅក្នុងកុំព្យូទ័ររបស់អ្នក។
៤.កុំទុកវាចោល
ប្រសិនបើអ្នកមាន ការងារអ្វីមួយសំខាន់ ដែលមិនត្រូវការប្រើ កុំព្យូទ័រឬក៏ laptop របស់អ្នកក្នុងរយៈពេលយូរ នោះអ្នកគួរតែទុកថាមពលថ្ម របស់វាត្រឹមតែ៥០% គឺល្អបំផុត។ ការដែលរក្សាទុកកុំព្យូទ័រជាមួយ នឹងថាមពលថ្មដែលពេញពេក ឬក៏ខ្វះពេក វានឹងអាចធ្វើអោយថ្ម នៃកុំព្យូទ័ររបស់អ្នកឆាប់ខូច។
ទាំងនេះគឺជាវិធីក្នុង ការរក្សាថ្មកុំព្យូទ័ររបស់អ្នក អោយបាននៅល្អប្រសើរ ក្នុងរយៈពេលយូរ។ សង្ឃឹមថាប្រិយមិត្ត នឹងមានផលចំណេញ ក្រោយពីបានអានវិធីទាំង៤យ៉ាងនេះហើយ។


0 មតិចូលរួម:

Post a Comment