ពាក្យថា “មង្គល”
មានន័យថា ការរីកចម្រើន, សេចក្តីសុខចម្រើនសួស្តីដែលជាទីប្រាថ្នារបស់មនុស្ស
។ ដោយហេតុ
តែចង់បានមង្គលគឺក្តីសុខចំរើននេះមនុស្សមានការប្រព្រឹត្តិផ្សេងៗ គ្នា
ដោយអ្នកខ្លះបួងសួងពពួកទេវតា, អ្នកខ្លះបូជាដល់អាទិទេព
ឬព្រះរបស់ពួកគេ, អ្នកខ្លះបួងសួងអារក្ស, អ្នកតា, ខ្មោចព្រាយបិសាច, ជីដូនជីតាជាដើម ។ ចំពោះព្រះពុទ្ធសាសនា
ការបួងសួងទាំងនេះជាទង្វើមិនត្រឹមត្រូវឡើយ។នៅក្នុងគម្ពីរមង្គល ត្ថទីបនី មានដំណាលថា មុនពេលព្រះពុទ្ធបានត្រាស់ដឹងនិងជំនាន់ពុទ្ធកាល
នៅប្រទេសឥណ្ឌា ដែលជាប្រទេស
កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ១ កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ១ កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ១ ទាំងបីនេះជាមង្គលដ៏ឧត្តម ។
កិរិយានៅក្នុងប្រទេសដ៏សមគួរ១ ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន១ កិរិយាតម្កល់ខ្លួនដោយប្រពៃ១ ទាំង ៣ នេះមង្គលដ៏ឧត្តម ។
ភាវៈនៃបុគ្គលបានស្តាប់បានរៀនហើយដោយច្រើន១សិល្បសាស្ត្រគឺសេចក្តីឆ្លៀវឆ្លាសក្នុងហត្ថកម្មរបស់អ្នកបួសនិងគ្រហស្ថ១ វិន័យដែលបុគ្គលសិក្សាដោយប្រពៃ១ វាចាដែលបុគ្គលពោលត្រឹមត្រូវ១ ទាំង៤នេះជាមង្គលដ៏ឧត្តម ។
កិរិយាបរិច្ចាគទាន១កិរិយាប្រព្រឹត្តនូវធម៌១សេចក្តីសង្គ្រោះដល់ញាតិទាំងឡាយ១ ការងារទាំងឡាយដែលមិនមានទោស១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀរចាកបាប១សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង១ សេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយ១ ទាំង៣នេះជាមង្គលដ៏ឧត្តម។
សេចក្តីគោរពចំពោះបុគ្គលដែលគួរគោរព១កិរិយាប្រព្រឹត្តបន្ទាបនូវខ្លួន១ សេចក្តីត្រេកអរចំពោះ របស់ដែលមាន១ ភាវៈនៃបុគ្គលអ្នកដឹងនូវឧបការៈដែលអ្នកដទៃធ្វើហើយដល់ខ្លួន១ កិរិយាស្តាប់នូវធម៌ តាមកាល១ ទាំង៥នេះជាមង្គលដ៏ឧត្តម ។
សេចក្តីអត់ធន់១ ភាវៈនៃបុគ្គលដែលប្រដៅបានដោយងាយ១ កិរិយាបានឃើញបានជួបនូវ សមណៈទាំងឡាយ១ ធម្មសាកច្ឆា គឺកិរិយាសន្ទនានូវធម៌ទៅវិញទៅ មកតាមកាល១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
សេចក្តីព្យាយាមដុតនូវបាបធម៌១ កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ១ កិរិយាឃើញនូវអរិយសច្ច ទាំងឡាយ១ កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន១ ទាំង៤នេះជាមង្គលដ៏ឧត្តម ។
ចិត្តនៃបុគ្គលឯណាដែលមានលោកធម៌ទាំងឡាយពាល់ត្រូវហើយមិនរំភើបញាប់ញ័រ១ មិនមានសេចក្តីសោក១ មានធូលីគឺរាគៈទៅប្រាសហើយ១ ជាចិត្តក្សេមក្សាន្ត១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
សេចក្តីបកស្រាយ
១. កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ (អសេវនា ចពាលានំ ) ។ព្រះសម្មាសម្ពុទ្ធ បានបង្រៀនថាបុគ្គលពាលមាន៣ជំពូកគឺ ក. បុគ្គលល្ងង់ខ្លៅ គ្មានគំនិតប្រាជ្ញា ហើយមិនគិតកសាងសមត្ថភាព និង គំនិតប្រាជ្ញាជាបុគ្គលរីករាយក្នុងភាពលង់ខ្លៅ មិនស្តាប់ដំបូន្មានលោកអ្នកប្រាជ្ញ ឬ ចាស់ព្រឹទ្ធាចារ្យ ចាត់ទុកជាបុគ្គលពាលជំពូកមូយ ដោយហេតុធ្វើខ្លួនអោយជាបុគ្គលមិនមានប្រយោជន៍ ឬធ្វើខ្លួនអោយបាត់បង់ឱកាសក្នុងការសាងគុណតម្លៃក្នុងពេលដែលខ្លួន មានឱកាសកើតជាមនុស្ស។ ខ. បុគ្គលស្វែងរកក្តីសុខ ឬប្រយោជន៍ខ្លួនឯងដោយការធ្វើអោយខូចប្រយោជន៍ អ្នកដទៃ ខូចក្តីសុខអ្នកដទៃឬស្វែងរក ក្តីសុខអោយខ្លួនឯងដោយការបៀតបៀតក្តីសុខអ្នកដទៃ។ គ. បុគ្គលធ្វើអោយខូចប្រយោជន៍អ្នកដទៃផង ខ្លួនឯងផង ។ ព្រះពុទ្ធបង្រៀនថា ដើម្បីញ៉ាំងជីវលោកអោយបានប្រសើរបុគ្គលគ្រប់រូបត្រូវតែមាន ទំនាក់ទំនងល្អជាមួយមនុស្សផងគ្នាប៉ុន្តែការសេពគប់ត្រូវតែធ្វើឡើង ដោយបញ្ញា ត្បិតថាបើសេពគប់ជាមួយមនុស្សប្រភេទណា យើងនឹងក្លាយជាមនុស្សប្រភេទ នោះដែរ។ បុគ្គលពាលទាំង៣ជំពូកនេះ ជាប្រភេទមនុស្សគួរអោយខ្លាចជាងអ្វីៗទាំងអស់ហើយមិនគប្បី សេពគប់ជាដាច់ខាត ព្រោះការសេពគប់ជាមួយបុគ្គលប្រភេទនេះក្រៅពីធ្វើអោយយើងវិនាស ប្រយោជន៍ អាសោចិកេរ្តិ៍ឈ្មោះ អស់ទ្រព្យសម្បត្តិខាតពេលវេលា គំនិតប្រាជ្ញាទៅថែមទាំងនាំអោយយើងក្លាយជាបុគ្គលពាលជាមួយគេផងទៀត ។ ព្រះពុទ្ធបានបង្រៀនថាប្រសិនបើក្នុងលោកនេះ មានតែមនុស្សពីរនាក់ គឺម្នាក់ជារូបអ្នកហើយម្នាក់ទៀតជាបុគ្គលពាលក្តី ក៏មិនគប្បីទៅសេពគប់ជាមួយបុគ្គលនោះឡើយហើយគប្បី នៅតែម្នាក់ ឯងដោយរឹងមាំចុះ ។ ការចេះប្រុងប្រយ័ត្នហើយចៀសវាងបាននូវការសេពគប់បុគ្គលពាលយ៉ាងណា នេះជាមង្គលដ៏ឧត្តម ។
២. កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ (បណ្ឌិតានញ្ច សេវនា ) ។ បណ្ឌិត គឺលោកអ្នកដែលមានចំណេះវិជ្ជាជ្រាលជ្រៅ ហើយមានគុណធម៌ខ្ពង់ខ្ពស់និងសីលធម៌ថ្លៃថ្នូរ មិនបំផ្លាញប្រយោជន៍ និង ក្តីសុខរបស់ខ្លួននិងមិនធ្វើអោយអ្នក ដទៃខូចប្រយោជន៍ ឬ ខូចក្តីសុខមិនធ្វើអោយគេឈឺចាប់ទាំងផ្លូវកាយ និង ចិត្ត ។ ម្យ៉ាង ទៀតបុគ្គលដែលជាបណ្ឌិតតែងប្រកបដោយគុណធម៌ពីរយ៉ាងគឺ៖ជាបុគ្គល ខ្មាសអៀនមិនហ៊ានធ្វើអំពើអាក្រក់ (ហិរិ ) និងខ្លាចក្តីអាក្រក់មិនហ៊ានធ្វើអំពើអាក្រក់ទាំងឡាយ ទាំងក្នុងទីកំបាំងនិងទីចំហរ (ឱត្តប្បៈ )។ ព្រះពុទ្ធ បង្រៀនថា ដើម្បីបានក្តីចំរើនទាំងគំនិត ប្រាជ្ញាទាំងក្នុងសេដ្ឋកិច្ច ជីវភាព និង ដើម្បីបានជាប្រយោជន៍ទាំង ឡាយពួកបុគ្គលគប្បីខ្នះខ្នែង ស្វែងរកការសេពគប់ជាមួយបុគ្គលជាបណ្ឌិត ។ដូច្នេះកិរិយាសេពគប់នូវបុគ្គលដែលមានគតិបណ្ឌិត ជាមង្គលដ៏ឧត្តម ។
៣. កិរិយាបូជាដល់បុគ្គលដែលគួរបូជា (បូជា ចបូជនីយានំ ) ។បូជាគឺការអោយ ឬ ការគោរពប្រតិបត្តិមានពីរយ៉ាងគឺ៖ ក. បូជាដោយការអោយសម្ភារៈផ្សេងៗ (អាមិសបូជា ) ខ. បូជាដោយការគោរពត្រង់ត្រាប់ ស្តាប់គំនិត យោបល់និង អនុវត្តតាម (បដិបត្តិបូជា )។ ការបូជា ជាការប្រសើរប៉ុន្តែបើបូជាដល់បុគ្គលពាល គ្មានគុណធម៌ គ្មានសីលធម៌ក្រៅពីមិនបានផលល្អដល់ខ្លួនឯង និង សង្គមទៅ ក៏នៅរមែងបាននូវក្តីអន្តរាយក្តៅ ក្រហាយដោយសារបុគ្គលពាលនោះថែមទៀតផងជាពិសេសនឹងក្លាយជាអ្នកលើក តំកើងសភាវៈអាក្រក់ ។ ហេតុនេះការបូជាត្រូវតែធ្វើឡើងដោយបញ្ញា គឺធ្វើចំពោះបុគ្គលដែលគួរគោរពបូជាគឺជាបុគ្គលដែលមានគុណធម៌ខ្ពស់ មានសីលធម៌ដ៏ប្រពៃតែងធ្វើនូវសេចក្តីសុខចម្រើន ដល់សង្គមមនុស្សជានិច្ច ។ បូជនីបុគ្គលទាំងនេះមានជាអាទិ៍ ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ, មាតា, បិតា, គ្រូអាចារ្យ និងអ្នកដែលមានគុណូ បក្ការៈចំពោះខ្លួន ឬ ចំពោះសង្គមជាតិជាដើម ។ដូច្នេះការគោរព បូជាដល់បូជនីយ បុគ្គលទាំងនេះ ជាមង្គលដ៏ឧត្តម ។
៤. កិរិយារស់នៅក្នុងប្រទេសដ៏សមគួរ (បដិរូបទេសវាសោច )។ ប្រទេសដ៏សមគួរគឺប្រទេស ដែលមានសុខសន្តិភាពគ្មានសង្គ្រាមកាប់សំលាប់គ្នា និងបរិបូណ៌ដោយធម៌វិន័យ ច្បាប់ទម្លាប់ល្អប្រពៃនិងសម្បូរ ដោយអ្នកប្រាជ្ញ រាជបណ្ឌិត្យ អ្នកមានគុណធម៌ និង សីលធម៌ថ្លៃថ្នូរប្រព្រឹត្តប្រតិបត្តិច្បាប់រដ្ឋ និងធម៌វិន័យត្រឹមត្រូវជាប្រទេសដែលមានអ្នកដឹកនាំ និង មន្ត្រីប្រកបដោយធម៌ ដឹកនាំសង្គមជាតិដោយការគោរពច្បាប់ ដោយយុត្តិធម៌ និង ជាហេតុនាំឱ្យមានក្តីចម្រើនរុងរឿង ។ការរស់នៅក្នុងប្រទេសបែបនេះជាការប្រពៃព្រោះជាគ្រឹះក្នុង ការអភិវឌ្ឍន៍គំនិតប្រាជ្ញាជាដើម ។ កិរិយារស់នៅក្នុងប្រទេសដ៏សមគួរបែបនេះជាមង្គលដ៏ឧត្តម ។
៥. ភាវៈនៃអ្នកបានធ្វើបុណ្យទុកហើយក្នុងកាលមុន ( បុព្វេ កតបុញ្ញតា ) ។ ធម្មតាអ្នកដែលបានយល់ច្បាស់នូវផលល្អនៃអំពើសុចរិត និងផលអាក្រក់នៃអំពើទុច្ចរិតតែងប្រញាប់ប្រញាល់វៀរចាកអំពើអាក្រក់ គ្រប់យ៉ាង ហើយ រួតរះធ្វើបុណ្យរាល់ៗជាតិព្រោះអំពើល្អតែងផ្តល់ផលជាសុខ ។ ន័យនេះក៏បានដល់ការកសាង ឬការខិតខំប្រឹងប្រែងកសាងសមត្ថភាព និង លក្ខណៈសម្បត្តិគ្រប់យ៉ាង ដូចជាការត្រៀមធនធានទុកជាមុន លុះពេលត្រូវការ ក៏អាចយកសមត្ថភាព លក្ខណៈសម្បត្តិ និងធនធាននោះប្រើការបានប្រកបដោយប្រសិទ្ធភាព ។ ដូច្នេះការខិតខំលះបង់បាននូវអំពើអាក្រក់ហើយព្យាយាមធ្វើឱ្យបាននូវ អំពើល្អក្នុងកាលមុន ជាមង្គលដ៏ឧត្តម ។
៦. កិរិយាតម្កល់ខ្លួនទុកដោយប្រពៃ (អត្តសម្មាបណីធិ ច )។ តំកល់ខ្លួន មានន័យថាការធ្វើខ្លួននៅក្នុងប្រភេទណាមួយ ។ ប្រការនេះ បានដល់កិរិយាចេះពិចារណាឱ្យយល់ច្បាស់លាស់ថា អំពើល្អពិតជាផ្តល់ផលល្អ ឯអំពើអាក្រក់ពិតជាផ្តល់ផលអាក្រក់ ហើយក៏កើតមានសទ្ធាជឿកម្មផល យ៉ាងមុតមាំព្រមទាំងញ៉ាំងខ្លួន ឱ្យព្យាយាម ធ្វើតែអំពើល្អ មានធ្វើទាននិងរក្សាសីលជាដើម ។ កិរិយាយល់ច្បាស់អំពីវិបាកនៃកម្មហើយប្រញាប់តម្កល់ខ្លួនក្នុងទាន សីល ភាវនា សមាធិអោយនៅតែក្នុងសេចក្តីព្យាយាម មិនខ្ជឹលច្រអូស តាំងខ្លួនអោយនៅក្នុងសត្តិអោយនៅ ឆ្ងាយពីការធ្វេសប្រហែស ឬមិនយកខ្លូនទៅជាប់ពាក់ព័ន្ធនឹងអំពើអាក្រក់ណាមួយ យ៉ាងនេះជាមង្គលដ៏ឧត្តម។
៧. ភាវៈជាបុគ្គលបានស្តាប់បានរៀនសូត្រចេះដឹងច្រើន (ពាហុសច្ច )។ ប្រការនេះបានដល់ការស្តាប់ ការអាននិងសិក្សារៀនសូត្រចំណេះវិជ្ជាទាំងផ្ញូវលោក និង ផ្លូវធម៌ស្តាប់ឱវាទរបស់បណ្ឌិតទាំងឡាយ និងដំបូន្មាន របស់ព្រឹទ្ធាចារ្យ មាតា បិតា គ្រូនិង រៀមច្បងជាដើម ដើម្បីក្លាយជាបុគ្គលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានសមត្ថភាពនិង មានគំនិតប្រាជ្ញាភ្លឺត្រចះត្រចង់ ដែលជាហេតុញ៉ាំងប្រយោជន៍និងសេចក្តីសុខចម្រើនដល់ខ្លួនឯង និងអ្នកដទៃយ៉ាងពិតប្រាកដ ។ ការខិតខំស្តាប់អាន និងសិក្សារៀនសូត្រឱ្យបានចេះដឹងជ្រៅជ្រះយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។
៨. សេចក្តីឆ្លៀវឆ្លាតប៉ិនប្រសប់ក្នុងសិល្បៈទាំងពួង ( សិប្បៈ )។ ប្រការនេះបានដល់ការចេះដឹង និង ការប៉ិនប្រសប់ស្ទាត់ជំនាញក្នុងសិប្បកម្ម បច្ចេក ទេសទាំងឡាយ យ៉ាងហោចណាស់អោយស្ទាត់ជំនាញនូវ មុខវិជ្ជាណា ដែលខ្លួនបានសិក្សា (ឬ នៅក្នុងមុខតំណែងដែលខ្លួនប្រកបធ្វើ ) ដែលនាំមកនូវប្រយោជន៍ និងសេចក្តីសុខចម្រើនដល់ខ្លួនឯង និងអ្នកដទៃ ។ ដូច្នេះកិរិយាឆ្លៀវឆ្លាត ឆ្លាសវៃ ប៉ិន ប្រសប់ក្នុងសិប្បកម្ម ហត្ថកម្មទាំងពួងជាមង្គលដ៏ឧត្តម ។
៩. វិន័យដែលបុគ្គលបានសិក្សាហើយដោយប្រពៃ ( វិនយោ ចសុសិក្ខិតោ ) ។ វិន័យគឺជាច្បាប់ទម្លាប់របស់ប្រទេសនិងរបស់ព្រះពុទ្ធសាសនា ។សម្រាប់គ្រហស្ថបានដល់សីល៥ សីល៨ និងច្បាប់របស់រដ្ឋជាដើម ។ សម្រាប់បព្វជិតបានដល់វិន័យរបស់អ្នកបួស និងច្បាប់របស់រដ្ឋជាដើម ។បុគ្គលដែលមានចំណេះវិជ្ជា មានទ្រព្យ សម្បត្តិ យសស័ក្តមានត្រកូលខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ប្រសិនបើគេជាបុគ្គលអាណាចារ គ្មានវិន័យគ្មានសីលធម៌ រស់នៅដោយការបំពាន លើច្បាប់នោះគេនឹងមិនទទួលបានការគោរពកោតសរសើរឡើយ ប្រសិនបើទទួលបានវិញគឺបានតែពួកមនុស្សអែបអបរណេបរណបប៉ុណ្ណោះហើយ មិនយូរប៉ុន្មានគេនឹងទទួលបាននូវក្តី វិនាសជាមិនខាន ។ហេតុនេះកិរិយារៀនវិន័យនិងច្បាប់រដ្ឋ និងព្យាយាមប្រព្រឹត្តប្រតិបត្តិឱ្យបានត្រឹមត្រូវ ជាមង្គលដ៏ឧត្តម ។
១០. វាចាដែលបុគ្គលពោលដោយប្រពៃ ( សុភាសិតា ច យា វាចា )។ មនុស្សតែងប្រើការនិយាយជាមធ្យោបាយទំនាក់ទំនង និងផ្តល់ព័ត៌មានដល់គ្នា នឹងគ្នា ប៉ុន្តែព្រះពុទ្ធបានបង្រៀនអោយយើងចេះជ្រើសរើសពាក្យសំដីសម្រាប់និយាយ ស្តីអោយដូចជាកសិករជ្រើសរើសគ្រាប់ពូជសម្រាប់ ដាំដុះសាបព្រួសយ៉ាងនោះដែរ ហើយព្រះអង្គតែងបានបង្រៀនយើងកុំអោយពោលពាក្យណាដែលធ្វើអោយអ្នកដទៃ ឈឺចាប់ ខូចប្រយោជន៍បែកបាក់សាមគ្គី ឬពាក្យរោយរាយឥតប្រយោជន៍ ។ ពាក្យល្អ ពីរោះមានប្រយោជន៍សូម្បីតែមួយឃ្លា មួយប្រយោគ ក៏ប្រសើរជាងពាក្យរោយរាយឥតប្រយោជន៍រាប់ពាប់ប្រយោគដែរ ។ ពាក្យដ៏ប្រពៃសំដៅដល់កថាវត្ថុគឺពាក្យដែលបុគ្គលគប្បីពោល ១០យ៉ាង គឺពោលអំពីការមិនលោភលន់១, អំពីការសណ្តោស១, អំពីការសប់សាត់កាយនិងចិត្ត១, អំពីការនៅមិនច្របូកច្របល់ដោយពួកក្រុម១, អំពីការព្យាយាម១, អំពីសីល១, អំពីសមាធិ១, អំពីបញ្ញា១, អំពីព្រះនិព្វាន១ និងអំពីធម៌រំលត់ទុក្ខ១ ។កិរិយាពោលនូវពាក្យដ៏ប្រពៃយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។
១១-១២. កិរិយាបម្រើ ឬ ទំនុកបម្រុងមាតានិងបិតា (មាតាបិតុ ឧបដ្ឋានំ ) ។ កូនប្រុស-ស្រី មានកាតព្វកិច្ចត្រូវចិញ្ចឹម មាតា បិតាធ្វើការងារជំនួសគាត់រក្សាវង្សត្រកួលឱ្យគង់វង្ស និងខ្ពង់ខ្ពស់ធ្វើខ្លួនឱ្យសមរម្យជា អ្នកទទួលមរតកពីគាត់ ធ្វើបុណ្យជូនគាត់ជាដើម ។ព្រោះថា កូនដែលដឹងគុណមាតា បិតា ហើយប្រព្រឹត្តប្រតិបត្តិគោរពមាតា បិតាដូចពោលមកនេះ រមែងមិនច្យុតឡើយ ។ ដូច្នេះកិរិយាបម្រើ ទំនុកបម្រុង មាតា បិតាជាមង្គលដ៏ឧត្តម ។
១៣. កិរិយាសង្គ្រោះបុត្រ និងភរិយា (បុត្តទារស្សសង្គហោ )។ មាតាបិតាដែលបានបំពេញកាតព្វកិច្ច៥ប្រការចំពោះកូនគឺហាមឃាត់កូន កុំឱ្យប្រព្រឹត្តអំពើអាក្រក់១, ណែនាំកូនឱ្យធ្វើតែអំពើល្អ (ទាំងការគិតទាំងសកម្មភាពនិងពាក្យសំដី )ជាអំពើមានតែប្រយោជន៍មិននាំផលក្តៅក្រហាយ១, ទំនុកបម្រុងកូនឱ្យបានរៀនសូត្រអោយមានចំណេះដឹងមានសមត្ថភាពអាចរស់នៅដោយ ថ្លៃថ្នូរ១, ទុកដាក់កូនឱ្យមានគូស្រករត្រឹមត្រូវ១, និងចែកទ្រព្យសម្បត្តិឱ្យកូនបានសមរម្យ១, ឈ្មោះថាជាមាតាបិតាសង្គ្រោះបុត្រយ៉ាងល្អ។ឯស្វាមីដែលបានបំពេញ កាតព្វកិច្ច៥ប្រការចំពោះភរិយាគឺនិយាយពាក្យផ្អែមល្ហែមនឹងភរិយា១, មិនមើលងាយភរិយា១, មិនក្បត់ភរិយា១, ផ្គត់ផ្គង់ភរិយា១និងផ្តល់សិទ្ធិក្នុងផ្ទះឱ្យភរិយា១ឈ្មោះថា ស្វាមីសង្គ្រោះភរិយា។បុរសដែលបានធ្វើកិច្ចនេះដោយពេញលេញនិងទៀងទាត់ ឈ្មោះថាជាអ្នកបានកសាងគ្រឺះសុភមង្គលទាំងក្នុងគ្រួសារនិងសម្រាប់ សង្គមជាតិ។ដូច្នេះកិរិយាព្យាយាមប្រព្រឹត្តឱ្យបានល្អក្នុងការសង្គ្រោះ បុត្រនិង ភរិយាជាមង្គលដ៏ឧត្តម។
១៤. ការងារទាំងឡាយដែលមិនច្របូកច្របល់ ( អនាកុលា ចកម្មន្តា )។ នេះបានដល់ការចេះបែងចែកប្រភេទការងារអោយដាច់ដោយឡែកពីគ្នា និងបំពេញស្រេចរួចរាល់មិនទុកចោលកណ្តាលទី ។ អ្នកដែលធ្វើការ មិនច្របូកច្របល់គឺជាអ្នកដែលមានសេចក្តីព្យាយាម ហ្មឺងម៉ាត់ដែលអាចឱ្យសម្រេចបានរាល់ការងារបានយ៉ាងល្អ ។ ធ្វើបានយ៉ាងនេះពិតជានាំមកសេចក្តីចម្រើនជាលំដាប់ ។ ដូច្នេះការងារទាំងឡាយដែលមិនច្របូកច្របល់ ជាមង្គលដ៏ឧត្តម ។
១៥. កិរិយាបរិច្ចាគទាន (ទានំ ) ។ ទានគឺការអោយហើយគោលដៅនិងបំណងនៃការអោយនេះគឺមិនមែនក្នុងបំណងដើម្បី ទទួលបានការតបពីគេមកវិញឡើយ។បុគ្គលដែលបានអោយរបស់អ្វីម្យ៉ាងទៅ បុគ្គលណាហើយរំពឹងចង់បានការតបស្នងដោយប្រការណាមួយបុគ្គលនោះមិនមែនជា អ្នកធ្វើទានទេគឺជាអ្នកធ្វើវិនិយោគ។ការធ្វើទានគឺដើម្បី កាត់បន្ថយនូវគំលាតគ្នារវាងអ្នកមាននិងអ្នកក្រនិងជាការលើកស្ទួយវប្បធម៌ ចែករំលែកក៏ជាវិធីដើម្បីកុំអោយមនុស្សគិតតែពីការបានដែលជាហេតុ បង្កអោយមានទំនាស់ផ្សេងៗដោយសារដណ្តើមផលប្រយោជន៍។ធ្វើទានបានដល់ការ ធ្វើអំណោយពីរយ៉ាងគឺការឱ្យសម្ភារៈសម្រាប់ទ្រទ្រង់ជីវិតដូចជាសម្លៀក បំពាក់ចំណីអាហារផ្ទះសម្បែងនិងថ្នាំព្យាបាលរោគជាដើម ហៅថាអាមិសទានគឺការអោយវត្ថុសម្ភារៈ១ និងការឱ្យចំណេះវិជ្ជាគំនិតយោបល់ល្អដើម្បីគេបានស្គាល់ខុស ត្រូវស្គាល់ផ្លូវទៅរកប្រយោជន៍និងភាពជោគជ័យល្អអាក្រក់បុណ្យបាប ជាដើមហៅថាធម្មទានគឺការអោយចំណេះវិជ្ជាគំនិតប្រាជ្ញា១។កិរិយាដែលបាន ធ្វើនូវទានទាំងពីរប្រការនេះជាមង្គលដ៏ឧត្តម។
១៦. កិរិយាប្រព្រឹត្តធម៌ដ៏ប្រសើរ (ធម្មចរិយា ) ។ បានដល់ធម៌១០យ៉ាងគឺ កិរិយាមិនសម្លាប់១, កិរិយាមិនលួចប្លន់១, កិរិយាមិនប្រព្រឹត្ត ល្មើសក្នុងកាមតណ្ហា១, កិរិយាមិនកុហកឆបោកកេងប្រវ័ញ្ច១, កិរិយាមិនពោលពាក្យញុះញង់ អុចអាលបំបែកបំបាក់១, កិរិយាមិនពោលពាក្យអាក្រក់អសុរោះ១, កិរិយាមិនពោលពាក្យរោយរាយឥតប្រយោជន៍១, កិរិយាមិនលោភលន់លើទ្រព្យអ្នកដទៃ១, កិរិយាមិនគុំគួនព្យាបាទអ្នកដទៃ១ និងកិរិយាយល់ត្រឹមត្រូវគឺយល់ថាធ្វើល្អបានល្អ ធ្វើ អាក្រក់បានអាក្រក់ និងយល់តាមសភាវៈពិតនៃធម្មជាតិ និង លោកិយ១ ។កិរិយាដែលចេះពិចារណាឱ្យបានជាក់ច្បាស់ហើយប្រព្រឹត្តឱ្យបាន ត្រឹមត្រូវតាមធម៌ទាំង១០ ប្រការនេះ ជាមង្គលដ៏ឧត្តម។
១៧. កិរិយាសង្គ្រោះញាតិទាំងឡាយ ( ញាតកានញ្ច សង្គហោ ) ។ ដែលហៅថាញាតិ បានដល់បងប្អូនជាញាតិសន្តានទាំងពីរខាងគឺតាំងពីដូនតាជំនាន់ទី៧ ខាងមាតាចុះមក និងតាំងពីដូនតាទី៧ខាងបិតាចុះមក (ដែលហៅថា ញាតិប្រាំពីរ សន្តាន )។ មនុស្សល្អតែងស្រឡាញ់រាប់អាន និងសង្គ្រោះយិតយោង លើកស្ទួយ ផ្ចុង ផ្តើម អោយញាតិសន្តានរបស់ខ្លួនអោយ បានសិក្សាអប់រំមានមុខរបរការងារសុចរិត និង ជួយដាស់តឿនដឹកនាំអោយពួកគេដើរលើផ្លូវល្អផ្លូវត្រឹមត្រូវយ៉ាងប្រពៃ ចូរប្រយ័ត្ន ប្រយែងក្រែងក្លាយជាជនអគតិគឺលំអៀងប្រព្រឹត្តប្រាសចាកច្បាប់ និង គុណធម៌ (ដោយសារតែការយោគយល់ថា ជាសាច់ញាតិ ) ។ដូច្នេះការចេះស្រឡាញ់រាប់អាននិងសង្គ្រោះញាតិសន្តានរបស់ខ្លួនដោយ ប្រពៃជាមង្គលដ៏ឧត្តម ។
១៨. កិរិយាប្រកបការងារទាំងឡាយដែលមិនមានទោស ( អនវជ្ជានិ កម្មានិ ) ។ ការងារទាំងឡាយដែល ផ្ទុយនឹងអំពើអាក្រក់ទុច្ចរិត អយុត្តិធម៌ទាំងឡាយ លោកហៅថា ការងារបរិសុទ្ធ ឬសម្មាអាជីវៈ ។ការងារដែលមិន មានទោសដូចជា ការ ចិញ្ចឹមមាតា បិតា គ្រូអាចារ្យចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ អ្នកកម្សត់ទុគ៌ត ការកសាងសម្បត្តិសាធារណៈមាន ស្ពាន ផ្លូវថ្នល់ សាលារៀនជាដើម និងការចែកចាយសៀវភៅធម៌អាថ៌ ក្បួនច្បាប់ឬពន្យល់ផ្សព្វផ្សាយនូវចំណេះវិជ្ជាដ៏ល្អនូវធម៌ដ៏ប្រពៃ ដល់អ្នកដទៃដើម្បីឱ្យគេបានយល់ស្គាល់ខុសត្រូវ ល្អអាក្រក់ហើយព្យាយាមប្រព្រឹត្តតែអំពើល្អជាដើម ។ ទាំងនេះគឺជាការងារមិនមានទោស ។ការប្រព្រឹត្តតែការងារមិនមានទោសជាមង្គលដ៏ឧត្តម។
១៩. កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀរចាកបាប ( អារតី វិរតីបាបា ) ។ ការមិនត្រេកអរក្នុងបាប បានដល់ចិត្តដែលមិនត្រេកអរនៅពេលដឹង ឬឮ ឬឃើញគេគិត ឬកំពុងធ្វើអំពើអាក្រក់ អំពើបាបទាំងឡាយ មានការប្រព្រឹត្តខុសក្នុងុកាម ការកុហកកេងប្រវ័ញ្ច ឆបោក និងធ្វើអំពើទាំងឡាយជាអបាយមុខ ឬ មានការកាប់សម្លាប់ជីវិត ធ្វើទុក្ខបុកម្នេញបៀតបៀតក្តីសុខដល់គ្នានឹងគ្នាជាដើមផង ថែមទាំងមានក្តីសង្វេគតក់ស្លុតចំពោះអំពើទាំងនោះទៀតផង ។ឯការវៀរចាកបាបបានដល់ការចៀសវាងមិនប្រព្រឹត្តធ្វើនូវអំពើបាប ទាំងឡាយដូចដែលបានពោលមកហើយជាដើម ព្រោះមានសទ្ធាជឿជាក់ថា ធ្វើល្អពិតជាបានល្អធ្វើអាក្រក់ពិតជា បានអាក្រក់ ។ ដូច្នេះកិរិយាដែលមិនត្រេកអរក្នុងបាបនិងកិរិយា វៀរចាកបាបយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។
(អត្ថបទតពីមុន)
៣០. កិរិយាសន្ទនាសាកសួរនូវធម៌តាមកាល (កាលេនធម្មសាកច្ឆា) ។ នេះបានដល់ការចេះបែងចែកពេលវេលាឲ្យមានឱកាសសម្រាប់ជួបជុំគ្នា ញឹកញាប់ ដើម្បីពិក្សាផ្លាស់ប្តូរយោបល់គ្នាអំពីធម៌វិន័យក្រោមអធិបតីភាពនៃ លោកអ្នកចេះដឹងជ្រៅជ្រះ ដែលជាអ្នកមានគុណធម៌និងសីលធម៌ខ្ពង់ខ្ពស់ ដើម្បីអាចបំបាត់នូវចមល់គ្រប់យ៉ាងបាន ។ មួយសោតដើម្បីពិភាក្សាដោះស្រាយនូវបញ្ហានានា និងស្វែងរកនូវការចុះសម្រុងគ្នា ។ទង្វើបែបនេះ ក៏ជាការសាបព្រួសនូវវប្បធម៌អហឹង្សា និងសន្តិភាពផងដែរ ។ធ្វើយ៉ាងនេះគឺពិតជាបានបង្កើតនូវការចេះដឹងរបស់ខ្លួនឲ្យបាន ទូលំទូលាយច្បាស់លាស់ជាបន្តបន្ទាប់ដែលអាចយកទៅប្រព្រឹត្តប្រតិបត្តិ បានត្រឹមត្រូវនិងកើតផលប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិពិតប្រាកដ ។ដូច្នេះកិរិយាចូលរួមក្នុងការសន្ទនាសាកសួរសីលធម៌តាមកាលជាមង្គលដ៏ ឧត្តម។
៣១. សេចក្តីព្យាយាមដុតនូវបាបធម៌ ( តបោ ច ) ។ បាបធម៌បានដល់លោភៈគឺការជាប់ចិត្តលោភលន់ហួសហេតុទៅលើសម្ភារៈ គ្រប់យ៉ាង១, ទោសៈគឺចិត្តប្រទូសរ៉ាយស្អប់ក្រោធខឹងគ្រប់យ៉ាង១និងមោហៈគឺក្តី ងងឹតងងល់វង្វេងវង្វាន់មានកាប់សម្លាប់លួចបន់និងកុហកឆបោកកេងប្រវ័ញ្ច ជាដើម។រីឯតបៈធម៌បានដល់ការព្យាយាមដុតបំផ្លាញនូវកិលេសទាំងបីខាងលើ ផងនិងព្យាយាមកសាងនូវអំពើល្អគ្រប់យ៉ាងមានទានសីលភាវនាសាងផ្លូវថ្នល់ សាលារៀនជាដើមផងដែលសុទ្ធតែមានប្រយោជន៏ដល់ខ្លួនឯងនិងសង្គមជាតិយ៉ាង ពិតប្រាកដ។ដូច្នេះសេចក្តីព្យាយាមដុតនូវបាបធម៌ជាមង្គលដ៏ឧត្តម។
៣២. កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ (ព្រហ្មចរិយញ្ច ) ។ នេះបានដល់កិរិយាព្យាយាមប្រព្រឹត្តសីលធម៌ដ៏ប្រសើរទាំង៨យ៉ាងគឺ៖មិន សម្លាប់ជីវិតសត្វ១, មិនលួចប្លន់១, មិនប្រព្រឹត្តស្នេហា១, មិនភូតកុហក១, មិនផឹកទឹកស្រវឹង១, មិនបរិភោគពេលរសៀលនិងយប់១, មិនរាំច្រៀងលេងភ្លេងនិងមិនតុបតែងកាយដោយគ្រឿងអលង្ការ១, មិនប្រើប្រាស់សម្ភារៈអង្គុយនិងដេកក្នុងទីដ៏ប្រសើរពេក១។នេះគឺជា ការប្រព្រឹត្តសង្រួមកាយវាចាចិត្តយ៉ាងប្រពៃដែលមានប្រយោជន៍ដល់ ខ្លួនឯងព្រោះបានធ្វើចិត្តឲ្យបានស្ងប់ស្ងាត់និងមានប្រយោជន៍ដល់ សង្គមជាតិព្រោះមិនបានរំខាននិងបៀតបៀនសង្គមជាតិ។ដូច្នេះកិរិយា ប្រព្រឹត្តនូវព្រហ្មចរិយាធម៌ជាមង្គលដ៏ឧត្តម។
៣៣. កិរិយាឃើញនូវអរិយសច្ចធម៌ទាំងឡាយ(បរិយសច្ចាន ទស្សនំ ) ។ អរិយសច្ចធម៌បានដល់ធម៌ពិតដ៏ខ្ពង់ខ្ពស់៤យ៉ាងគឺទុក្ខសច្ចៈសេចក្តី ទុក្ខ១, សមុទយសច្ចៈហេតុនៃសេចក្តីទុក្ខ១, និរោធសច្ចៈទីដែលក្តីទុក្ខត្រូវបានរំលត់១, និងមគ្គសច្ចៈវិធីរំលត់ទុក្ខ១។សេចក្តីពិតនៃជីវិត មនុស្សសត្វទេព្តាក្នុងត្រៃភពគឺពោរពេញទៅដោយសេចក្តីទុក្ខប្រែប្រួលឥត ខ្លឹមសារទាំងអស់។មូលហេតុនៃសេចក្តីទុក្ខនេះគឺបណ្តាលមកពីជីវិតដែល ពោរពេញដោយកិលេសតណ្ហាគ្រប់បែបយ៉ាង។ដរាបណាកិលេសតណ្ហាត្រូវបានរំលត់ អស់ហើយដរាបនោះសេចក្តីទុក្ខក៏មិនមានទៀតឡើយ។ព្រះអរិយបុគ្គល ទាំងឡាយមានព្រះពុទ្ធជាប្រធានសុទ្ធតែបានយល់ច្បាស់នូវអរិយសច្ចធម៌ នេះហើយព្យាយាមប្រព្រឹត្តប្រតិបត្តិតាមមគ្គសច្ចដែលជាមាគ៌ាដើម្បី រំលត់ទុក្ខប្រកបដោយអង្គ៨គឺអដ្ឋង្គិកមគ្គទើបបានរំលត់កិលេសតណ្ហា ឆ្លងផុតពីសេចក្តីទុក្ខគ្រប់យ៉ាង។ដូច្នេះកិរិយាឃើញនូវអរិយ សច្ចធម៌ជាមង្គលដ៏ឧត្តម។
៣៤. កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានដោយបញ្ញាដ៏ខ្ពង់ខ្ពស់ ( និព្វានសច្ឆិរិយា ច ) ។នេះ បានដល់ការប្រព្រឹត្តប្រតិបត្តិនូវវិធីក្បួនច្បាប់ សីល សមាធិបញ្ញា ឲ្យចេញជាលទ្ធផលច្បាស់លាស់ ។ ព្រះនិព្វានគឺជាលទ្ធផលនៃការប្រព្រឹត្តប្រតិបត្តិសីល សមាធិ បញ្ញាតាមអរិយមគ្គប្រកបដោយអង្គ៨គឺសម្មាទិដ្ឋិ ការយល់ឃើញត្រឹមត្រូវពិតប្រាកដ ១, សម្មាសង្កប្បៈ ការត្រិះរិះត្រឹមត្រូវគឺគិតនិងរំលត់តណ្ហា១, សម្មាវចាពោលតែពាក្យត្រឹមត្រូវ១, សម្មាកម្មន្តៈ ប្រព្រឹត្តធ្វើការងារត្រឹមត្រូវតាមធម៌ និងច្បាប់រដ្ឋ១, សម្មាអាជីវៈប្រកបមុខរបរត្រឹមត្រូវ ដោយចៀសវាងនូវអំពើបាប៥ យ៉ាងមានការលក់មនុស្សជាដើម១, សម្មាវាយាមៈ ខំព្យាយាមត្រឹមត្រូវគឺព្យាយាមលះបង់អំពើអាក្រក់ដែលធ្លាប់ធ្វើ ឲ្យអស់និងព្យាយាមចៀសវាងមិនធ្វើអំពើអាក្រក់ជាថ្មីទៀត, ព្យាយាមរក្សាគុណធម៌និងសេចក្តីដែលមានស្រាប់អោយតាំងនៅ និងកាន់តែ ចម្រើនឡើង, ព្យាយាមសាងគុណធម៌និងក្តីល្អដែលមិនទាន់មាន អោយមានជាប្រាកដ១, សម្មសតិ ការរលឹកដ៏ត្រឹមត្រូវមានការរលឹកនូវ វេទនា ខាងក្នុង និងវេទនាខាងក្រៅជាដើម១, និងសម្មាសម្មាធិ ការតម្កល់ចិត្តឲ្យនឹងខ្ជាប់ខ្ជួនក្នុងអារម្មណ៍តែមួយ១ ។ដូច្នេះការប្រព្រឹត្តប្រតិបត្តិក្នុងមាគ៌ាប្រកបដោយអង្គ៨ រហូតធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន ដែលជាគោលដៅចុងក្រោយនៃជីវិតក្នុងលោកជាមង្គលដ៏ឧត្តម ។
៣៥. ចិត្តនៃបុគ្គលដែលមិនញាប់ញ័រដោយលោកធម៌ ( ផុជ្ឋស្ស លោកធម្មេហិចិត្តំ យស្ស ន កម្បតិ ) ។លោកធម៌គឺជាធម្មជាតិជាទីប្រាថ្នានិងជាទីស្អប់របស់មនុស្សនិងជា ធម៌ដែលតែងកើតមាននៅក្នុងលោក ដល់មនុស្សគ្រប់រូបមិនថាបុគ្គលនោះជាអ្នកចេះដឹងធម៌ ឬ មិនចេះធម៌ឡើយ ហើយក៏មិនរើសមុខថាជាពុទ្ធសាសនិក ឬ ជាសាសនិករបស់សាសនា ណាមួយឡើយ ។ លោកធម៌មាន៨ប្រការគឺការមានលាភសក្ការៈ១, ការបាត់បង់យសស័ក្តិ១, ការបាននូវការសរសើរ១, ការបានសុខសប្បាយ១, ការបាត់បង់លាភសក្ការៈ១, ការបាត់បង់យសស័ក្តិ១, ការបាននូវការនិន្ទារិះគន់១, ការបាននូវទុក្ខទោស១ ។ អរិយបុគ្គលទាំងឡាយមានព្រះពុទ្ធជាប្រធាន រមែងមិនញាប់ញ័រ គឺមិនសប្បាយភ្លើតភ្លើនទាំងមិនទោមនស្សដោយលោកធម៌ទាំង ៨ នេះឡើយទើបពួកលោករមែងរស់នៅជាក្សេមក្សាន្តជានិច្ច ។ ដូច្នេះការព្យាយាមអប់រំចិត្តឲ្យបានទៅជាចិត្ត ដែលមិនញាប់ញ័រដោយលោកធម៌ទាំង ៨ នេះជាមង្គលដ៏ឧត្តម ។
៣៦. ចិត្តនៃបុគ្គលមិនសោយសោកចំពោះអារម្មណ៍ (អសោកំ ) ។ មនុស្សគ្រប់រូបតែងតែជួបនូវអារម្មណ៍គឺហេតុការណ៍គ្រប់យ៉ាងរាល់នាទី នៃជីវិតរបស់ខ្លួន។ជាការពិតណាស់តាំងពីភ្ញាក់ពីដំណេកដឹងខួនឡើង ត្រចៀកជួបនឹងសម្លេងភ្នែកជួបនឹងរូបច្រមុះជួបនឹងក្លិនអណ្តាតជួបនឹង រសជាតិកាយប៉ះនឹងវត្ថុគ្រប់យ៉ាង។អារម្មណ៍ទាំងនេះខ្លះជាទីពេញចិត្ត នាំឲ្យសប្បាយខ្លះជាទីស្អប់ខ្ពើមនាំឲ្យខឹងមួម៉ៅក្តៅក្រហាយ។ប៉ុន្តែ ព្រះអរិយបុគ្គលដែលជាមនុស្សដ៏ប្រសើរមានចិត្តស្អាតបរិសុទ្ធចាកកិលេស តណ្ហាលោភៈទោសៈមោហៈហើយនោះលោកមិនសោយសោកក្តៅក្រហាយនឹងអារម្មណ៍ទាំងឡាយ នោះឡើយ។ដូច្នេះការព្យាយាមអប់រំចិត្តរហូតបានជាចិត្តមិនសោកសៅជា មង្គលដ៏ឧត្តម។
៣៧. ចិត្តដ៏បរិសុទ្ធ ស្អាតចាកកិលេស ( វីរជំ ) ។ នេះបានដល់ប្រភេទនៃចិត្តជាន់ខ្ពស់ដែលមិនប្រឡាក់ដោយកិលេសទាំងបី គឺលោភៈចិត្តស្អប់ជាប់នឹងសម្ភារៈនិងអសម្ភារៈគ្រប់យ៉ាងដែលនាំឲ្យមាន សេចក្តីលោភលន់គ្មានទីបំផុត១, ទោសៈចិត្តថ្នាំងថ្នាក់ស្អប់ខ្ពើមក្រោធខឹងទោមនស្សប្រទូស្តនឹងសម្ភារៈ គ្រប់យ៉ាងដែលនាំឱ្យកើតជាអំពើហិង្សាជាដើម១, មោហៈចិត្តវង្វេងក្នុងអារម្មណ៍ប្រកបដោយសេចក្តីសង្ស័យនិងរាយមាយឥត ខ្មាសឥតខ្លាចអំពើទុចរឹត១។ដូច្នេះកិរិយាអប់រំចិត្តឲ្យបានទៅជាចិ ត្តបរិសុទ្ធស្អាតចាកកិលេសជាមង្គលដ៏ឧត្តម។
៣៨. ចិត្តក្សេមក្សាន្ត (ខេមំ) ។ នេះបានដល់សន្តានចិត្តរបស់ព្រះអរិយបុគ្គលទាំងឡាយដែលមានព្រះពុទ្ធ ជាប្រធានដែលបានឆ្លងផុតពីអន្លង់ទាំង៤គឺ៖អន្លង្ល់គឺកាមតណ្ហា១, អន្លង់គឺភពទាំងបី១, អន្លង់គឺទិដ្ឋិយល់ខុស១និងអន្លង់គឺអវិជ្ជាការមិនយល់មិនដឹងនូវ សច្ចធម៌១។ចិត្តដែលបានឆ្លងផុតអន្លង់ទាំង៤ហើយគឺជាចិត្តស្អាត បរិសុទ្ធនិងស្ងប់ក្សេមក្សាន្តក្រៃលែង។ដូច្នេះកិរិយាខំកសាងខ្លួនគឺ អប់រំចិត្តឲ្យបានទៅជាចិត្ត ក្សេមក្សាន្តយ៉ាងនេះជាមង្គលដ៏ឧត្តម។បុគ្គលទាំងឡាយណាបានខិតខំកសាង ខ្លួនដោយខិតខំប្រព្រឹត្តិប្រតិបត្តិនូវមង្គលទាំង៣៨ប្រការនេះឲ្យ បរិបូ ណ៌ហើយរមែងមិនចាលចាញ់ក្នុងទីទាំងពួងរហូតសម្រេចមគ្គផលនិព្វានជាទី អវសាន៕
ទេវតានិងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយប្រាកដដូច្នេះហើយ ជាអ្នកមិនចាល ចាញ់ក្នុងទីទាំងពួង តែងដល់នូវសិរីសួស្តីក្នុងទីទាំងពួង ម្នាលទេវតា អ្នកចូរប្រកាន់ជឿថា មង្គលទាំង៣៨ប្រការ មានកិរិយាមិនសេពគប់នូវបុគ្គលពាលជាដើម នោះ របស់ទេវតានិងមនុស្សទាំងអម្បាលនោះ ជាមង្គលដ៏ឧត្តម ។
0 មតិចូលរួម:
Post a Comment